បរទេស ៖ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ កាលពីថ្ងៃពុធម្សិលមិញនេះថា ពលរដ្ឋប៉ាឡេស្ទីន ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការចរចាសន្តិភាព ជាមួយប្រទេសអ៊ីស្រាអែល ដោយមានការជួយ ពីប្រទេសដទៃផ្សេងទៀត។
លោក Mahmoud Abbas បានធ្វើការថ្លែងយ៉ាងដូច្នេះ ស្របពេលដែលអ៊ីស្រាអែលជំរុញ ទៅមុខជាមួយផែនការ ដាក់ផ្នែកនៃតំបន់ West Bank ឲ្យចូលជាឧបសម្ព័ន្ធខ្លួន ដោយទទួលបានការយល់ស្របពីរដ្ឋបាលអាមេរិក ប៉ុន្តែមានការជំទាស់ប្រឆាំងជាច្រើន នៅក្នុងសហគមន៍អន្តរជាតិ ។
តាមសេចក្តីរាយការណ៍ លោក Mahmoud Abbas បានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ របស់រដ្ឋប៉ាឡេស្ទីន ចូលរួមក្នុងកិច្ចចរចាគ្នា ផ្អែកលើទំនៀមច្បាប់អន្តរជាតិ ក្រោមការគាំទ្រពីប្លុកអន្តរជាតិទាំង៤ ជាមួយការចូលរួមពិប្រទេសនានាផ្សេងទៀត ៕ ប្រែសម្រួល៖ប៉ាង កុង