បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋបាលលោក ត្រាំ នឹងធ្វើការងារដើម្បីទប់ស្កាត់មិនឲ្យចិនប្រើប្រាស់បណ្ដាញទូរគមនាគមន៍ ចូលមើលទិន្នន័យឯកជនរបស់ពលរដ្ឋសហរដ្ឋអាមេរិក ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ជុំវិញការប្រើប្រាស់ដ៏អាក្រក់របស់ចិន ចំពោះបច្ចេកវិទ្យាបែបនេះ គម្រាមដល់សន្តិសុខជាតិសហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងវ៉ាស៊ីនតោន លោក Mike Pompeo បាននិយាយប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលលោក ត្រាំ នឹងចាត់វិធានការនានា ដើម្បីទប់ស្កាត់រារាំងប្រទេសចិន មិនឲ្យប្រើប្រាស់បណ្ដាញទូរគមនាគមន៍អន្តរជាតិ ចូលមើលព័ត៌មានរបស់ពលរដ្ឋសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “ហេដ្ឋារចនាសម្ព័ន្ធនេះ នៅរាប់រយឆ្នាំខាងមុខ ត្រូវតែជាហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ដែលផ្អែកលើលក្ខណសម្បត្តិឯកជនរបស់លោកខាងលិច និងកិច្ចការពារព័ត៌មានរបស់ពលរដ្ឋឯកជន នៅក្នុងផ្លូវដ៏ជាក់លាក់ ហើយនោះ មិនមែនជាទម្រង់ ដែលក្រុមហ៊ុនកម្មវិធីសូហ្វវែនិងហាដវែរបស់បក្សកុម្មុយនិស្តចិន ចូលរួមពាក់ព័ន្ធនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង