មូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនសូមរក្សាសិទ្ធិ ក្នុងការឆ្លើយតប ចំពោះគោលនយោបាយថ្មី របស់អូស្ត្រាលី ក្នុងការពង្រីកជម្រើស ជនអន្តោប្រវេសន៍ សម្រាប់ប្រជាជនហុងកុង និងបញ្ឈប់កិច្ចព្រមព្រៀង ធ្វើបត្យាប័នជាមួយតំបន់នេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Zhao បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានទៀងទាត់មួយថា «ប្រទេសចិនមិនទទួលយករឿងនេះទេ ហើយសម្តែងការ ថ្កោលទោស យ៉ាងខ្លាំង ខណៈដែលរក្សាសិទ្ធិ ដើម្បីធ្វើការឆ្លើយតបបន្ថែមទៀត ។ អូស្រ្តាលីចាំបាច់ត្រូវតែទទួល នូវរាល់ផលវិបាកទាំងអស់ ដោយសារតែបញ្ហានេះ។
ប្រតិកម្មរបស់ប្រទេសចិននេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន ដែលបានប្រកាសគោលនយោបាយថ្មី ក្នុងការផ្តល់ជំនួយដល់ប្រជាជនហុងកុង បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មី នៅក្នុងទីក្រុង។
ប្រទេសអូស្រ្តាលីបានសម្រេចចិត្តពន្យារទិដ្ឋាកា សម្រាប់ប្រភេទនៃអ្នកកាន់លិខិតឆ្លងដែន ហុងកុង និងបានប្រកាសផ្អាកសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយតំបន់នេះ។
ជាការឆ្លើយតបនឹងច្បាប់សន្តិសុខជាតិថ្មី ប្រទេសមួយចំនួនរួមទាំងចក្រភពអង់គ្លេស និងកាណាដាបានចាត់វិធានការស្រដៀងគ្នានេះ ដើម្បីផ្តល់ជំនួយដល់ប្រជាជន ហុងកុងផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា