ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណប បម្រើដល់វិស័យទូរគមនាគមន៍ ដែលមានឈ្មោះ APSTAR-6D ឆ្ពោះទៅកាន់ដងតារាវិថី តាមការគ្រោងទុក ដោយបាញ់ ចេញពីមជ្ឈមណ្ឌល បង្ហោះផ្កាយរណប Xichang កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។
មជ្ឈមណ្ឌលបានឲ្យដឹងថា ផ្កាយរណបបម្រើទូរគមនាគមន៍ APSTAR-6D ត្រូវបានបង្ហោះឡើង ដោយប្រើគ្រាប់រ៉ុក្កែត Long March-3B ដែលបានបាញ់ឡើង នៅម៉ោង៨និង១១នាទីយប់ ម៉ោងនៅក្រុងប៉េកាំង ។
ផ្កាយរណបនេះ ត្រូវបានផលិតឡើង ដោយសាលាបណ្ឌិត សភាបច្ចេកវិទ្យាអវកាសចិន (CAST) ដែលជាផ្នែកមួយ នៃសារជីវកម្មបច្ចេកទេស និងវិទ្យាសាស្ត្រអវកាសចិន ។
ការអភិវឌ្ឍន៍ផ្កាយរណប APSTAR-6D បានចាប់ផ្តើមឡើង នៅក្នុងខែសីហា ឆ្នាំ២០១៦ ។ ផ្កាយរណបត្រូវបានបាញ់បង្ហោះ ក្នុងរយៈចម្ងាយប្រមាណ ៥.៥០០គីឡូម៉ែត្រ ដែលមានអាយុកាលរហូតដល់១៥ឆ្នាំ ។
សាលាបណ្ឌិតសភា CAST បានឲ្យដឹងថា ផ្កាយរណបនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់គុណភាពខ្ពស់ ដល់បណ្តាញផ្សព្វផ្សាយ និងសេវាកម្មទិន្នន័យទូរគមនាគមន៍ សម្រាប់អ្នកប្រើប្រាស់ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
គួរបញ្ជាក់ថា នេះជាលើកទី៣៣៩ហើយ ដែលគេប្រើគ្រាប់រ៉ុក្កែត ប្រភេទ Long March ក្នុងការបាញ់បង្ហោះ កាលពីថ្ងៃព្រហស្បតិ៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា