ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ផែនការដាក់បញ្ចូលទឹកដី របស់អ៊ីស្រាអែល នឹងបង្កហិង្សា កើតឡើងក្នុងតំបន់

ម៉ូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងពង្រីកអធិបតេយ្យភាព របស់អ៊ីស្រាអែល ដល់ផ្នែកខ្លះនៃតំបន់ West Bank នឹងបង្កឱ្យមានអំពើហិង្សាថ្មីមួយ នៅក្នុងតំបន់។

ការប៉ុនប៉ងបែបនេះ ក៏នឹងបញ្ចប់នូវក្តីសង្ឃឹម នៃដំណោះស្រាយ រវាងរដ្ឋទាំងពីរផងដែរ។ លោកស្រីបានបន្ថែមថា ប្រទេសជាច្រើនមានអាកប្បកិរិយា រិះគន់ចំពោះផែនការ របស់អ៊ីស្រាអែល ក្នុងការបញ្ចូលផ្នែកខ្លះ នៃវេសបែង សម្រាប់ការកាន់កាប់របស់ខ្លួន។

លោកស្រី បានបន្ដទៀងថា ប្រទេសរុស្ស៊ីគាំទ្រដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែល នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។

ប្រទេសរុស្ស៊ីជឿជាក់ថា វាចាំបាច់ដើម្បីសម្រេចបាន នូវការបន្តការចរចាដោយផ្ទាល់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្រោមការឧបត្ថម្ភ របស់អង្គការសហប្រជាជាតិ៕ ដោយ៖ ឈូក បូរ៉ា

To Top