សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការលើកឡើងរបស់ប៉ូលិស បានឲ្យដឹងថា លោក Park Won-soon អភិបាលក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេប្រទះឃើញស្លាប់ នៅពាក់កណ្តាលអធ្រាត ដែលក្នុងរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់គាត់ បានដាក់ពាក្យប្តឹងទៅប៉ូលិស ថាបានបាត់ខ្លួនឳពុករបស់ខ្លួន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។
លោក Park ត្រូវបានគេប្រទះឃើញស្លាប់ នៅជិតភ្នំ Bugaksan នៅភាគខាងជើងក្រុងសេអ៊ូល ។
កូនស្រីរបស់លោក Park បានដាក់ពាក្យបណ្តឹង អំពីការបាត់ខ្លួនដល់ប៉ូលិស នៅវេលាម៉ោង៥និង១៧នាទីល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថា គាត់ “បានចាកចេញពីគេហដ្ឋាន ប្រមាណ៤ទៅ៥ម៉ោងមុន បន្ទាប់មកបាត់ដំណឹងឈឹង ហើយទូរស័ព្ទ ក៏មិនបើកដំណើរការទៀត” ។
ប៉ូលិសប្រមាណ២៥០នាក់ និងក្រុមជួយសង្គ្រោះ បានធ្វើការរុករកនៅតំបន់ភ្នំ ដោយមានយន្តហោះ គ្មានមនុស្សបើកចល័ត និងសត្វសុនខផងដែរ ។
លោកអភិបាលក្រុង បានចាកចេញពីភូមិគ្រឹះរបស់គាត់ ដែលនៅកណ្តាលក្រុងសេអ៊ូល នៅវេលាម៉ោង ប្រមាណ១០និង៤៤នាទីព្រឹក ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ ដោយស្លៀពាក់ពណ៌ខ្មៅ និងស្ពាយកាបូបខ្មៅមួយផងដែរ ។
ទូរស័ព្ទដៃចល័តរបស់គាត់ បង្ហាញសញ្ញា ដែលត្រូវបានរកឃើញ នៅជិតព្រះវិហារមួយកន្លែង ស្ថិតនៅភាគខាងជើងក្រុង សេអ៊ូល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា