សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ឆេះមន្ទីរពេទ្យមួយកន្លែង នៅភាគនីរតីនៃប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រនេះ ។
អគ្គីភ័យបានកើតឡើងនៅវេលាម៉ោង៣និង៤២នាទី ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រនេះ ដែលអគ្គីភ័យបានឆាបឆេះចេញពីអគារជាន់ទី១ នៃមន្ទីរពេទ្យ Goheung ខេត្ត Jeolla ខាងត្បូង ចម្ងាយប្រមាណ៤៧០គីឡូម៉ែត្រនៃទីក្រុងសេអ៊ូល ។ ភ្លើងបានឆាបឆេះរយៈពេលប្រមាណ១៤០នាទី ។
ក្នុងចំណោមពលរដ្ឋចំនួន៨៦នាក់ នៅក្នុងមន្ទីរពេទ្យនោះ ក្នុងនោះបូករួមទាំងអ្នកជំងឺ៦៩នាក់ ៧នាក់ជាបុគ្គលិកពេទ្យ និង១០នាក់ទៀតជាសមាជិកនៃក្រុមគ្រួសារអ្នកជំងឺ ហើយ៣នាក់បានស្លាប់ និង២៧នាទីទៀតបានរងរបួស ។
២នាក់ក្នុងចំណោមអ្នកស្លាប់ ត្រូវបានប្រទះឃើញនៅលើកាំជណ្តើរ ជាន់ទី២ និងជាន់ទី៣ នៃមន្ទីរពេទ្យនោះ ។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន៩នាក់មានស្ថានភាពធ្ងន់ធ្ងរ ដោយសារស្រូបផ្សែងចូល និងរលាកភ្លើង ។
មូលហេតុនៃការបង្កអគ្គីភ័យ ស្ថិតក្នុងការស៊ើបអង្កេត ។ ប៉ុន្តែ គេជឿជាក់ថា មានបញ្ហាដោយសារអគ្គីសនី មិនមានសញ្ញាណាមួយផ្សេងទៀត ត្រូវបានរកឃើញនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា