ព័ត៌មានអន្តរជាតិ

ហុងកុង នឹងបិទសាលារៀនជាថ្មីទៀត នៅថ្ងៃចន្ទក្រោយ បន្ទាប់ពីបើកបាន ២ខែ ដោយសារការឆ្លង វីរុសកើនឡើង

បរទេស៖ រដ្ឋមន្រ្តីក្រសួងអប់រំហុងកុង បាននិយាយនៅថ្ងៃសុក្រថា ទីក្រុងហុងកុងនឹងបិទសាលារៀនទាំងអស់ម្តងទៀត បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ឆ្លងតាមតំបន់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សាលារៀននឹងបិទចាប់ពីថ្ងៃច័ន្ទដោយនាំមកនូវ ការចាប់ផ្តើមនៃថ្ងៃឈប់សម្រាករដូវក្តៅ, លោក Kevin Yeung បាននិយាយថា បន្ទាប់ពីទីក្រុងបានកត់សំគាល់ពី “កំណើនស្វ័យគុណ” នៃករណីឆ្លងក្នុងតំបន់ក្នុងរយៈពេលពីរបីថ្ងៃកន្លងមក។

លោក Yeung បានមានប្រសាសន៍ថា សាលាមធ្យមសិក្សា បឋមសិក្សា និងមតេយ្យទាំងអស់ នឹងត្រូវបិទចាប់ពីថ្ងៃទី ១៣ ខែកក្កដាតទៅ ប៉ុន្តែសាលារៀននៅតែត្រូវបានអនុញ្ញាតឱ្យធ្វើការប្រឡងសំខាន់ៗ។

វិទ្យាល័យសាធារណៈរបស់ទីក្រុងហុងកុង ត្រូវបានបិទទ្វារ កាលពីខែមករា ក្នុងដំណាក់កាលដំបូងនៃការផ្ទុះជំងឺ ហើយក្រោយមក ត្រូវបានបើកដំណើរការឡើងវិញជាបណ្តើរ ៗ ចាប់ពីខែឧសភា បន្ទាប់ពីទឹកដីនេះបានទប់ស្កាត់ការឆ្លងថ្មីបានដោយជោគជ័យ។

ទីក្រុងនេះបានកត់ត្រាករណីថ្មីចំនួន ៣៨ នៅថ្ងៃសុក្រ ដែល ៣២ ករណី ជាករណីចម្លងក្នុងមូលដ្ឋាន។ កំណើននេះបង្ហាញពីបរាជ័យសម្រាប់ទីក្រុងហុងកុង កន្លែងដែលជីវិតរស់នៅប្រចាំថ្ងៃកំពុងវិលមករកភាពប្រក្រតីវិញ ដោយភោជនីយដ្ឋាននិងបារ៍ បន្តប្រតិបត្តិការធម្មតានិងការទាក់ទាញវប្បធម៌ឡើងវិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top