ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន ធ្វើដំណើរទៅខេត្ត Kumamoto ដែលប៉ះពាល់ដោយ ទឹកជំនន់ ហើយថា បានត្រៀមថវិកា ៤០០ពាន់លានយ៉េន ដើម្បីដោះស្រាយ

KUMAMOTO៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូអាបេ បានធ្វើទស្សនកិច្ចទៅខេត្ត Kumamoto នៅភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃចន្ទដើម្បីវាយតម្លៃ ការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់នោះ កាលពីដើមខែនេះ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូង លោកអាបេបានទៅមើលមណ្ឌលថែទាំមនុស្សចាស់ Senjuen ដែលមានអ្នកស្រុកចំនួន ១៤ នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់នៅទន្លេ Kuma បានលិចលង់ ហើយលោកក៏បានបួងសួង ដល់ជនរងគ្រោះផងដែរ។

នៅក្នុងភូមិ Kuma លោក អាបេ បានជួបជាមួយអភិបាលខេត្ត គឺលោក Ikuo Kabashima ដែលខេត្តនេះមានមនុស្ស ៦៤ នាក់បានស្លាប់នៅ ក្នុងគ្រោះមហន្តរាយដែលបានវាយប្រហារ តំបន់ដ៏ធំនៃតំបន់គ្យូស៊ូ។

លោកអាបេបានប្រាប់លោកអភិបាលថា“ នៅក្រោមគោលនយោបាយ គឺយើងធ្វើអ្វីៗដែលយើងអាចធ្វើបាន យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវការស្តារឡើងឆាប់ៗ” ។ លោក Kabashima បានអំពាវនាវរកជំនួយបន្ថែមពីរដ្ឋាភិបាល។

ក្នុងសន្និសីទកាសែតនៅក្នុងតំបន់នោះ លោកអាបេបាននិយាយថា លោកនឹងណែនាំមន្ត្រីនានាត្រៀមថវិកាចំនួនជាង ៤០០ ពាន់លានយ៉េន (៣,៧៤ ពាន់លានដុល្លារ) រួមទាំងថវិកាបម្រុងសម្រាប់ការងារសាងសង់ឡើងវិញ ហើយរដ្ឋាភិបាលនឹងជួយក្នុងការធានានូវលំនៅដ្ឋាន បន្ទាន់និងជួយអាជីវកម្មខ្នាតតូច តំបន់ដែលរងផលប៉ះពាល់៕ ប្រែសម្រួលៈ ណៃ តុលា

To Top