ព័ត៌មានអន្តរជាតិ

ចិនត្រៀមថវិកា ៣០៩ លានយ័ន សម្រាប់ជាជំនួយ សង្គ្រោះនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់

ប៉េកាំង៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ (NDRC) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានត្រៀមថវិកាសរុបចំនួន ៣០៩ លានយ័ន (ប្រហែល ៤៤,២ លានដុល្លារអាមេរិក) សម្រាប់ជាជំនួយសង្គ្រោះ នៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិដែលបានគ្រោងទុកដោយ NDRC ត្រូវបានបញ្ជូនទៅតំបន់ដែលរងការវាយប្រហារដោយទឹកជំនន់រួមមាននៅ Anhui, Jiangxi, Hubei និងនៅ Chongqing ក្នុងការគាំទ្រដល់ការសាងសង់និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងកន្លែងសាធារណៈ។

ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងបន្ធូរបន្ថយគ្រោះរាំងស្ងួតរបស់រដ្ឋចិន បានធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបជាបន្ទាន់សម្រាប់ការគ្រប់គ្រងទឹកជំនន់ពីកម្រិតទី ៤ ដល់កម្រិតទី ៣ កាលពីថ្ងៃអង្គារ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបានបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស។

ចាប់តាំងពីខែមិថុនា ទឹកភ្លៀងជាបន្តបន្ទាប់បានបោកបក់ផ្នែកធំ ៗ នៃភាគខាងត្បូងប្រទេសចិន ហើយទឹកទន្លេជាច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់បានកើនឡើងលើសកំរិតប្រកាសអាសន្ន៕ប្រែសម្រួលៈ ណៃ តុលា

To Top