ព័ត៌មានអន្តរជាតិ

អាមេរិក​ ៖ ជនសង្ស័យម្នាក់ បាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីសម្លាប់ ប៉ូលីសអស់ ២នាក់ នៅរដ្ឋ តិចសាស់

បរទេស៖ ប៉ូលីសក្នុងតំបន់បានប្រកាសថា ប៉ូលីសពីរនាក់ ត្រូវបានបាញ់សម្លាប់ ខណៈដែលឆ្លើយតបនឹងការហៅ តាមទូរស័ព្ទពីផ្ទះមួយ ក្នុងទីក្រុង McAllen នៅភាគខាងត្បូងនៃរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Jim Darling អភិបាលក្រុង McAllen បាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា « ពេលវេលាដ៏លំបាកនេះ” ។ ខ្ញុំមានទុក្ខសោក ក្នុងការចែករំលែកព័ត៌មាន ដ៏គួរឱ្យភ័យខ្លាច ដែលថ្ងៃនេះ យើងបានបាត់បង់មន្រ្តីប៉ូលីស McAllen ដ៏ក្លាហាន របស់យើងចំនួនពីរនាក់ ។ ការចូលរួមរំលែកទុក្ខ និងការអាណិតអាសូរដ៏ជ្រាលជ្រៅបំផុត របស់ខ្ញុំបានទៅដល់ក្រុមគ្រួសារ របស់មន្រ្តី Edelmiro Garza និង Ismael Chavez»។

ជាមួយគ្នានោះដែរ ទីក្រុង McAllen ក៏បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Twitter បានសម្តែងសមានទុក្ខដល់ក្រុមគ្រួសារ របស់មន្រ្តីប៉ូលីសទាំងពីរនាក់ផងដែរ ដោយនិយាយថា Garza និង Chavez ត្រូវបានសម្លាប់នៅក្នុងពេល កំពុងបំពេញកាតព្វកិច្ច។

មន្រ្តីប៉ូលីសទាំងពីរនោះ គឺបានរងនូវការបាញ់ប្រហារ នៅពេលពួកគេកំពុងឆ្លើយតប នឹងការហៅទូរស័ព្ទនៅផ្ទះមួយ នៅយប់ថ្ងៃសៅរ៍ ។ យោងតាមសម្តី របស់លោក Victor Rodriguez ប្រធានប៉ូលីស McAllen បានអោយដឹងថា ជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងហើយបានស្លាប់នៅពេលដែលមន្រ្តីអនុវត្តច្បាប់ផ្សេងទៀត បានមកដល់កន្លែងកើតហេតុ៕

ប្រែសម្រួលៈ ណៃ តុលា

To Top