ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ បានសម្លាប់ជនស៊ីវិល នៅអាហ្វហ្គានីស្ថាន អស់តិចបំផុត២៣នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នំា២០២០ថា ការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ បានសម្លាប់ជនស៊ីវិលតិចបំផុត ២៣នាក់ និងបង្កឲ្យរបួស៤៥នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៧ថ្ងៃ កន្លងទៅនេះ ។

ការិយាល័យក្រុមប្រឹក្សា បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ចំនួនអ្នកស្លាប់ និងរបួស គឺជាជនស៊ីវិល ដែលបានកើតឡើង ពីថ្ងៃទី៤ ដល់ខែ១០កក្កដា នៅក្នុងតំបន់ចំនួន១៦ នៃខេត្តចំនួន៣៤ របស់ប្រទេសនេះ ដែលជនស៊ីវិល ភាគច្រើនជាជនរងគ្រោះ ដោយការបាញ់ប្រហារ ការបំផ្ទុះគ្រាប់បែក និងផ្ទុះគ្រាប់មីន ឬដាក់គោលដៅសម្រាប់តែម្តង ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា “ក្រុមសកម្មប្រយុទ្ធតាលីបង់ បានប្រើវិធីចាប់ជំរិត និងសម្លាប់ជនស៊ីវិល និងប្រើប្រាស់មូលដ្ឋានសាធារណៈ ជាសមរភូមិប្រយុទ្ធមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលនោះ ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top