បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសដាក់ទណ្ឌកម្ម លើអ្នកនយោបាយសហរដ្ឋអាមេរិក ក្នុងដំណើរសងសឹក ចំពោះការដែលរដ្ឋបាលលោក ត្រាំ ចុះបញ្ជីខ្មៅមន្ត្រីរដ្ឋាភិបាលចិន ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីម នៅក្នុងតំបន់ស៊ីនជាំង។
នៅក្នុងអំឡុង សន្និសីទកាសែត ប្រចាំថ្ងៃនាថ្ងៃចន្ទនេះ មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ លោក Samuel Brownback សមាជិកព្រឹទ្ធសភា មកពីបក្សសាធារណរដ្ឋ លោក Marco Rubio និង Ted Cruzព្រមទាំងសមាជិកសភា មកពីបក្សសាធារណរដ្ឋ លោក Chris Smith បានទទួលរងទណ្ឌកម្ម។
គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌម្មនេះ គឺត្រូវបានធ្វើឡើង ក្នុងដំណើរឆ្លើយតប ចំពោះរដ្ឋបាលលោក ត្រាំ ដែលបានដាក់មន្ត្រីចិន៤រូបក្នុងបញ្ជីខ្មៅ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រួមមានទាំងលោក Chen Quanguo ដែលជាសមាជិកមួយរូប នៅការិយាល័យនយោបាយ បង្កើតគោលការណ៍ដ៏មានឥទ្ធិពល សម្រាប់ការចូលរួមចំណែក ក្នុងការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង៕ ប្រែសម្រួល៖ប៉ាង កុង