ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ការបរទេសអាមេរិក និយាយគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស្តីពីបញ្ហាអាហ្វហ្គានីស្ថាន

បរទេស៖ លោក Mike Pompeo បានពិភាក្សាស្ថានភាព នៅអាហ្វហ្គានីស្ថាន ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃចន្ទសប្ដាហ៍នេះ នេះបើតាមការនិយាយប្រាប់ឲ្យដឹង ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រោយមានសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីបានផ្តល់ប្រាក់ ឲ្យពួកសកម្មប្រយុទ្ធសម្លាប់អាមេរិក នៅអាហ្វហ្គានីស្ថាន។

ក្រៅពីនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្សីនេះ លោក Mike Pompeo ក៏បានលើកឡើង ពីបញ្ហាសន្តិសុខបោះឆ្នោត ស្របពេលដែលសហរដ្ឋអាមេរិក ត្រៀមរៀបចំខ្លួន សម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។

គួរបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិកនានា បានបង្ហាញនូវក្តីព្រួយបារម្ភថា ប្រទេសរុស្ស៊ី អាចនឹងធ្វើការជ្រៀតជ្រែក ក្នុងការបោះឆ្នោតនាឆ្នាំនេះ ក្រោមការស៊ើបអង្កេតមួយ ធ្វើឡើងដោយទីប្រឹក្សាពិសេស លោក Robert Mueller បានបង្ហាញឲ្យឃើញ នូវយុទ្ធនាការហ៊ែក លួចទិន្នន័យនិងការឃោសនា ធ្វើឡើងដោយរុស្ស៊ី នៅក្នុងអំឡុងការប្រកួតប្រជែង យកតំណែងប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៦៕ ប្រែសម្រួល៖ប៉ាង កុង

To Top