បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ទឹកប្រាក់ចំនួន ៦២០ លានដុល្លារ សម្រាប់ការលក់សព្វាវុធ ទៅឱ្យកោះតៃវ៉ាន់ នូវប្រព័ន្ធការពារមីស៊ីល Patriot Advanced Capability-3 ។ កិច្ចព្រមព្រៀងនេះបានកើតឡើង មិនដល់ពីរខែផង បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់នាវាចម្បាំង មួយគ្រឿង ទៅឱ្យខេត្តផ្តាច់ខ្លួនមួយនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមសេចក្តីថ្លែងការណ៍ របស់ក្រសួង ការបរទេសចិន ដែលចេញផ្សាយ នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្ម លើសាជីវកម្ម ការពារជាតិអាមេរិក Lockheed Martin ជុំវិញកិច្ចព្រមព្រៀង លក់អាវុធចុងក្រោយ របស់សហរដ្ឋអាមេរិក ជាមួយកោះតៃវ៉ាន់។ កិច្ចសន្យាជាសំណើរដែលជាកញ្ចប់ថវិកា ៦២០ លានដុល្លារសម្រាប់ប្រព័ន្ធការពារ មីស៊ីលបាញ់ពីលើអាកាស ដល់កោះតៃវ៉ាន់ ត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុន Lockheed Martin គឺជាអ្នកម៉ៅការដ៏សំខាន់ នៅក្នុងកិច្ចព្រមព្រៀងលក់អាវុធ។
អ្នកនាំពាក្យក្រសួងលោក Zhao Lijian បានថ្លែងប្រាប់សារព័ត៌មានថា ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដែលកំពុងមានការប្រជែងគ្នានោះ សហរដ្ឋអាមេរិកកំពុងតែធ្វើឱ្យអន្តរាយ ដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
ការទាក់ទងរបស់អាមេរិក ជាមួយកោះតៃវ៉ាន់និងបញ្ហាសមុទ្រចិនខាងត្បូង គ្រាន់តែជាចំណុចពីរនៃការប្រកួតប្រជែងគ្នានៅក្នុងទំនាក់ទំនងអាមេរិក – ចិន តែប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា