បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបិទទ្វារលើកិច្ចចរចាជំនួញ “ជំហានទី២” ជាមួយចិន ដោយនិយាយថា លោកមិនចង់ពិភាក្សាគ្នា ជាមយយទីក្រុងប៉េកាំង ស្តីពីជំនួញ ដោយសារតែការរាតត្បាត ឆ្លងមេរោគកូរ៉ូណា។
យោងតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលត្រូវគេសួរ ក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត CBS News ថាតើកិច្ចពិភាក្សាជំនួញជំហានទី២ បានចប់ឬនោះ លោក ត្រាំ បានឆ្លើយតបថា “ក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំមិនចាប់អារម្មណ៍ ក្នុងកិច្ចពិភាក្សាគ្នាជាមួយប្រទេសចិនទេ”។
ដោយនិយាយដល់ កិច្ចព្រមព្រៀងជំហានទីមួយ ដែលចុះហត្ថលេខាក្នុងខែមករានោះ លោក ត្រាំ បានមានប្រសាសន៍ដូច្នេះថា “យើងបានធ្វើកិច្ចព្រមព្រៀង ជំនួញដ៏អស្ចារ្យមួយ ប៉ុន្តែនៅពេលកិច្ចព្រមព្រៀង បានធ្វើឡើងភ្លាម ទឹកត្រាមិនទាន់ស្ងួតផងនោះ ពួកគេបានវាយប្រហារ យើងដោយរោគពិស (មេរោគកូរ៉ូណា)” ៕
ប្រែសម្រួល៖ ប៉ាង កុង
