ព័ត៌មានអន្តរជាតិ

ចិន​ នឹងដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានព្រមានថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិសហរដ្ឋអាមេរិក Lockheed Martin បន្ទាប់ពីអាមេរិកអនុម័ត លក់ការធ្វើទំនើបកម្មលើមីស៊ីល Patriot III ឲ្យកោះតៃវ៉ាន់ សម្រាប់ទឹកប្រាក់ប្រមាណ ៦២០លានដុល្លារ។

មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ទីក្រុងប៉េកាំង លោក Zhao Lijian បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះ ក្នុងសន្និសីទកាសែតមួយ រដ្ឋាភិបាលនៃប្រទេសចិន អាចនឹងដាក់ទណ្ឌកម្ម ក្រុមហ៊ុនការពារជាតិអាមេរិក ក្រោយពេលតិចជាងមួយសប្ដាហ៍ បន្ទាប់ពីអាមេរិកយល់ព្រម ផ្តល់កញ្ចប់ការពារជាតិឲ្យតៃវ៉ាន់ រួមមានទាំងការតេស្តសាកល្បង សមត្ថភាពមីស៊ីល។

លោក Zhao Lijian បាននិយាយយ៉ាងដូច្នេះថា “ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការលក់អាវុធអាមរិកឲ្យតៃវ៉ាន់។ សហរដ្ឋអាមេរិក ត្រូវតែគោរពតាមគោល នយោបាយប្រទេសចិនតែមួយ និងសេចក្តីប្រកាសរួមទាំង៣” ហើយលោកក៏បាននិយាយផងដែរថា ចិនប្រទេសចង់ឲ្យសហរដ្ឋអាមេរិក ឈប់ធ្វើការហ្វឹកហាត់រួមគ្នា ជាមួយកោះតៃវ៉ាន់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top