បរទេស ៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ខ្លួនមានការប្រឆាំងយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលបដិសេធច្រានចោល ការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង និងបានហៅការចោទប្រកាន់ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសចិនពីបទសម្លុត គម្រាមប្រទេស ជិនខាងខ្លួននោះ ថាមិនត្រឹមត្រូវទាំងស្រុង ។
ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសេចក្តី ថ្លែងការណ៍បង្ហោះលើគេហទំព័ររបស់ខ្លួនដូច្នេះថា “សហរដ្ឋអាមេរិក មិនមែនជាប្រទេសពាក់ព័ន្ធ ដោយផ្ទាល់នៅក្នុងជម្លោះទេ ប៉ុន្តែវាបានបន្តធ្វើការជ្រៀតជ្រែកនៅក្នុងបញ្ហា” ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ស្ថានទូតចិននោះ បាននិយាយយ៉ាងដូច្នេះថា “ស្ថិតក្រោមរូបភាពរក្សាស្ថិរភាព វាកំពុងតែបង្ហាញសាច់ដុំ កូរឲ្យមានភាពតានតឹង កើនឡើង និងបង្កឲ្យមានការ ប្រឈមមុខដាក់គ្នា នៅក្នុងតំបន់”៕
ប្រែសម្រួល៖ប៉ាង កុង