បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសយ៉ាងខ្លាំង អំពីការប្រឆាំងទៅនឹងសេចក្តីសម្រេចចិត្ត របស់ចក្រភពអង់គ្លេស ក្នុងការរារាំង មិនឲ្យឧបករណ៍ សម្រាប់តម្លើងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ត្រូវបាននាំចូលឡើយ។
ទោះបីជាយ៉ាងណាក្តី ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបង្ហាញពីការស្វាគមន៍ខ្លាំងក្លាផងដែរ ចំពោះការសម្រេចចិត្តមួយនេះ ។ មេដឹកនាំអាមេរិករូបនេះ បានសរសេរថា អាមេរិកបានព្យាយាមបញ្ចុះបញ្ចូល ប្រទេសជាច្រើន ក្នុងការអនុវត្តសកម្មភាព ដូចទៅនឹងអង់គ្លេសបែបនេះ ហើយអាមេរិកគឺតែងតែ នៅជាអ្នកនាំមុខគេ ក្នុងការងារនេះដដែល។
លោកដូណាល់ត្រាំ ក៏ បានធ្វើការអត្ថាធិប្បាយបែបនេះ ដើម្បីព្យាយាមបង្កើន សម្ពាធលើទីក្រុងប៉េកាំង ដោយថែមទាំងបានប្រកាសបទបញ្ជាប្រតិបត្តិ បញ្ចប់ការអនុគ្រោះដល់ក្រុងហុងកុងផង ជាការឆ្លើយតបនឹងច្បាប់សន្តិសុខថ្មី ដែលត្រូវធ្វើឡើងដោយប្រទេសចិន៕
ប្រែសម្រួល៖ស៊ុនលី