ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ នៅឥណ្ឌូនេស៊ី សម្លាប់មនុស្ស អស់តិចបំផុត២១នាក់ និង៣១នាក់កំពុងបាត់ខ្លួន

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា មន្ត្រីមួយរូបបាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២១នាក់ គិតត្រឹមថ្ងៃពុធ ជាមួយគ្នានេះដែរ មនុស្សផ្សេងទៀត ចំនួន៣១នាក់ កំពុងបាត់ខ្លួននៅឡើយ ។

ការរុករក និងជួយសង្គ្រោះ បានធ្វើឡើង នៅក្នុងពេលមានគ្រោះទឹកជំនន់ កើតឡើងនៅស្រុក Luwu Utara កាលពីថ្ងៃពុធ ដែលមានអ្នកជួយសង្គ្រោះ ប្រមាណ៥៣៩នាក់ ។ មន្ត្រីមួយរូបទទួលបន្ទុក នៅការិយាល័យរុករក និងជួយសង្គ្រោះខេត្ត សុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងដូច្នេះ ។

មន្ត្រីដដែលនេះ បានប្រាប់ដល់ស៊ិនហួ បានទូរស័ព្ទពីខេត្តមកថា “ថ្ងៃនេះ មានសាកសពចំនួន៥ ត្រូវបានទាញចេញមក ដោយក្រុមអ្នកជួយសង្គ្រោះ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុបកើនឡើង ដល់២១នាក់” ។

គាត់បាននិយាយថា ទន្ទឹមនឹងនេះដែរ មនុស្ស១០នាក់ កំពុងស្ថិតនៅមន្ទីរពេទ្យមួយ ដើម្បីព្យាបាលជំងឺ ដោយសាររបួសរបស់ពួកគេ ។

ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិ បានឲ្យដឹងថា គ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់ ដល់ពលរដ្ឋជិត៥.០០០នាក់ ខណៈដែលផ្ទះ របស់ពួកគេរងការវាយប្រហារ ដោយគ្រោះទឹកជំនន់ ដែលនាំល្បាប់ភក់មកជាមួយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top