បរទេស៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មថ្មីៗ ផ្តោតគោលដៅ លើពាណិជ្ជកររុស្ស៊ី លោក Yevgeniy Prigozhin ដែលជិតស្និទ្ធ នឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ពីបទបង្កភាពវឹកវរ ក្នុងប្រទេសស៊ូដង់ និងពីបទ ជួយឲ្យមានសមត្ថភាពគេចពីទណ្ឌកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក កំពុងតែផ្តោតគោលដៅលើបុគ្គល៣រូប និងក្រុមហ៊ុនជួរមុខចំនួន៥ នៅក្នុងប្រទេសស៊ូដង់ ទីក្រុងហុងកុង និងប្រទេសថៃ ដែលខ្លួនចោទប្រកាន់ ពីបទធ្វើឲ្យមានសកម្មភាព បង្កអស្ថិរភាពពិភពលោកកាន់តែខ្លាំង។
ចំណែករដ្ឋមន្ត្រី ក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា “លោក Yevgeniy Prigozhin និងបណ្ដាញរបស់គាត់ កំពុងតែកេងយកប្រយោជន៍ ពីធនធានធម្មជាតិ របស់ប្រទេសស៊ូដង់ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងពង្រីកឥទ្ធិពលអាក្រក់ នៅជុំវិញពិភពលោក”៕ ប្រែសម្រួល៖ប៉ាង កុង