បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការផ្ញើសារ ឲ្យគ្នាទៅវិញទៅមក ជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaagiin Battulga ក្នុងថ្ងៃគម្រប់ខួបបដិវត្តន៍ ម៉ុងហ្គោលី ។
កាសែតបក្សពលករកូរ៉េ Rodong Sinmun បានរាយការណ៍នៅថ្ងៃពុធថា លោក Khaltmaagiin Battulga បានថ្លែងអំណរគុណចំពោះលោក គីម ជុងអ៊ុន សម្រាប់ការផ្ញើសារ ចូលរួមអបអរសាទរ ដល់មេដឹកនាំម៉ុងហ្គោលី នៅថ្ងៃគម្រប់ខួបលើកទី៩៩ នៃបដិវត្តន៍ប្រជាជនម៉ុងហ្គោលី ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Khaltmaagiin Battulga បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសូមបង្ហាញនូវការដឹងគុណ យ៉ាងស្មោះសរបស់ខ្ញុំ ចំពោះការអបអរសាទរដ៏កក់ក្តៅ របស់លោក នៅថ្ងៃគម្រប់ខួបលើកទី៩៩ឆ្នាំនៃបដិវត្តន៍នេះ”៕
ប្រែសម្រួល៖ប៉ាង កុង