ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ប្រារព្ធធ្វើសមយុទ្ធ វាយបកការឈ្លានពាន ស្របពេលមានភាព តានតឹងជាមួយចិន

បរទេស ៖ កងកម្លាំងទ័ពអាកាស ទ័ពជើងទឹកនិងទ័ពជើងគោក របស់តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត បង្ហាញពីការ វាយបកទៅលើកង កម្លាំងឈ្លានពាន ដោយលោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន និយាយថា វាបង្ហាញឲ្យឃើញការប្តេជ្ញាចិត្ត ការពារកោះលទ្ធិប្រជាធិបតេយ្យ។

យន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំងផលិតក្នុងស្រុក Ching-kuo បានធ្វើការវាយប្រហារ ហើយរថក្រោះជាច្រើនគ្រឿង បានរត់ជែងគ្នាពាស់ពេញដី បាញ់គ្រាប់ផ្លោងកម្ទេចគោលដៅនៅលើតំបន់ឆ្នេរ។ បុគ្គលិកយោធាប្រហែល៨.០០០នាក់ បានចូលរួមក្នុងសមយុទ្ធយោធា ដែលប្រារព្ធធ្វើឡើងនៅលើវាឆ្នេរជិតទីក្រុង Taichung នៅកណ្ដាលកោះតៃវ៉ាន់ ។

គួរបញ្ជាក់ថា សមយុទ្ធយោធា ដែលមានឈ្មោះថា Han Kuang នេះ គឹជាសមយុទ្ធប្រចាំឆ្នាំដ៏ធំរបស់កោះតៃវ៉ាន់ ហើយសមយុទ្ធនៅឆ្នាំនេះ គឺធ្វើឡើងស្របពេលដែលប្រទេសចិនបង្កសកម្មភាពយោធានៅជុំវិញកោះ ដោយរួមមានទំាងការហោះហើរយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់ នៅជិតអ្វីដែលទីក្រុងប៉េកាំងហៅថា ជាទឹកដីពិសិដ្ឋរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង

To Top