បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហើបឱ្យដឹងថា ការរុះរើគណៈរដ្ឋមន្រ្តី អាចនឹងធ្វើឡើងនៅខែក្រោយ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Uttama Savanayana និងមន្រ្តី ៣ នាក់ទៀត បានប្រគល់លិខិតលាលែងរបស់ពួកគេ ដោយមានប្រសិទ្ធិភាពភ្លាមៗ កាលពីម្សិលមិញ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Uttama , រដ្ឋមន្រ្តីក្រសួងថាមពល លោក Sontirat Sontijirawong, រដ្ឋមន្ត្រីឧត្តមសិក្សា វិទ្យាសាស្ត្រនិងច្នៃប្រឌិតថ្មី លោក Suvit Maesincee និងលោក Kobsak Pootrakul អគ្គលេខាធិការរង នៃនាយករដ្ឋមន្រ្តី បានលាលែងពីតំណែង កាលពីម្សិលមិញ ខណៈដែលឧត្តមសេនីយ៍ ប្រាយុទ្ធ ស្ថិតនៅក្នុងខេត្ត ស៊ីសាកេត។
អ្នកទាំង ៤ បានលាឈប់ បន្ទាប់ពីលោក Somkid Jatusripitak បានលាលែងពីតំណែង ពីឧបនាយករដ្ឋមន្ត្រី នៃក្រុមសេដ្ឋកិច្ចកាលពីថ្ងៃពុធ។
ការលាលែងពីតំណែង របស់រដ្ឋមន្ត្រីកាលពីម្សិលមិញ ធ្វើឡើងបន្ទាប់ពីពួកគេ បានបោះបង់សមាជិកភាពរបស់ពួកគេ នៅក្នុងគណបក្ស Palang Pracharath (PPRP) កាលពីសប្តាហ៍មុន បន្ទាប់ពីការផ្លាស់ប្តូរ ភាពជាអ្នកដឹកនាំរបស់គណបក្ស កាលពីចុងខែមុន នៅពេលដែលលោក Uttama ត្រូវបានជំនួស ដោយឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ជាមេដឹកនាំ PPRP ៕ ប្រែសម្រួលៈ ណៃ តុលា