បរទេស៖ ភាពតានតឹងនៅតាមព្រំដែន រវាងប្រទេសឥណ្ឌានិងចិន បានកើនឡើងដល់ការប៉ះទង្គិចគ្នា កាលពីថ្ងៃទី ១៥ ខែមិថុនា នៅភាគខាងកើតតំបន់ Ladakh ។ ប្រទេសទាំងពីរ កំពុងស្ថិតក្នុងដំណើរការ ដោះស្រាយជម្លោះ តាមរយៈការសន្ទនាជាច្រើន។ ខណៈដែលការកាត់ផ្តាច់ទ័ព បានចាប់ផ្តើមនៅចំណុចប៉ះទង្គិចគ្នា មិនទាន់បានធ្វើឡើងនៅ Pangong Tso និង Depsang Valley។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ទៅកាន់តំបន់ Ladakh ក្នុងសប្តាហ៍ដំបូងនៃខែកក្កដា, រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បានមកដល់ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃទៅកាន់តំបន់ជម្លោះ ចំពេលដែលការចរចា កំពុងបន្តរវាងឥណ្ឌានិងចិន ដើម្បីដោះស្រាយភាពតានតឹង នៅតាមព្រំដែន។
នៅពេលទៅដល់តំបន់ Stakna នៃស្រុក Leh ក្នុង Ladakh, លោក Rajanth ក៏ត្រូវបានអមដំណើរ ដោយមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Manoj Mukund Naravane ចូលរួមព្រឹត្តិការណ៍មួយ ដែលបង្ហាញពីជំនាញលោតឆ័តយោង របស់កងទ័ពនិងសមយុទ្ធយោធាដទៃទៀត ដែលធ្វើឡើងដោយកងកំលាំងឥណ្ឌា៕ ប្រែសម្រួលៈ ណៃ តុលា