បរទេស៖ របាយការណ៍មួយ បាននិយាយនៅថ្ងៃច័ន្ទថា ចំនួននៃការឆ្លងវីរុសអេដស៍ ក្នុងចំណោមយុវវ័យ នៅកូរ៉េខាងត្បូង បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋដើម្បីទប់ស្កាត់និន្នាការនេះ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានអ្នកផ្ទុកមេរោគអេដស៍ថ្មីចំនួន ៤៦៩ នាក់ ក្នុងអាយុ ១០ ឆ្នាំនិង ២០ ឆ្នាំក្នុងឆ្នាំ ២០១៩ ដែលកើនឡើងយ៉ាងខ្លាំងពី ៤១៥ នាក់ កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ របស់សហព័ន្ធកូរ៉េសម្រាប់ ការការពារជំងឺអេដស៍។
ចំនួននេះបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលមានករណីឆ្លងថ្មីទៅលើក្មេងជំទង់ចំនួន ២៤៨ នាក់ត្រូវបានរាយការណ៍។
តួលេខនេះបានកើនឡើងដល់ ២៩៦ នាក់ក្នុងឆ្នាំ ២០១២ ចំនួន ៣៤២ ក្នុងឆ្នាំ ២០១៣ ចំនួន ៣៨៤ ក្នុងឆ្នាំ ២០១៤ ចំនួន ៤២៥ នៅឆ្នាំ ២០១៥ និងចំនួន ៤៤០ នៅឆ្នាំ ២០១៦ មុនពេលធ្លាក់ចុះដល់ ៤៣០ នៅឆ្នាំ ២០១៧ និង ៤១៥ នៅឆ្នាំ ២០១៨ ។
កាលពីឆ្នាំមុនក្មេងជំទង់ និងមនុស្សពេញវ័យដែលមានអាយុ ២០ ឆ្នាំមានចំនួន ៣៨,៣ ភាគរយ នៃការឆ្លងមេរោគអេដស៍ថ្មី ទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ពោលគឺកើនឡើងពី ៣៤,៤ ភាគរយពីឆ្នាំមុន។
របាយការណ៍បាននិយាយថា រដ្ឋាភិបាលគួរតែចេញនូវ វិធានការសកម្មបន្ថែមទៀត ដើម្បីកាត់បន្ថយការឆ្លងមេរោគអេដស៍ ក្នុងចំណោមយុវជនកូរ៉េខាងត្បូង ដែលអាចលេចចេញជាបញ្ហាសង្គម ៕
ប្រែសម្រួលៈ ណៃ តុលា