បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin បានស្នើឱ្យនាយកដ្ឋានកែប្រែ ពិចារណាប្រើប្រាស់ទណ្ឌិត បរទេសដើម្បីបង្រៀនភាសាអង់គ្លេស ដល់អ្នកទោសដូចគ្នាដើម្បីបន្ថែមការ បណ្តុះបណ្តាលវិជ្ជាជីវៈរបស់ពួកគេ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Somsak បានបំផុសគំនិតនេះ នៅថ្ងៃច័ន្ទនៅពេលដែលលោក និងរដ្ឋមន្រ្តីក្រសួងការងារ M.R. Chatu Mongol Sonakul ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ និងក្រសួងការងារ ដើម្បីដោះស្រាយបញ្ហា នៃភាពអត់ការងារធ្វើ ចំពោះអតីតអ្នកទោស។
លោក M.R. Chatu Mongol បាននិយាយថា ក្រោមកិច្ចព្រមព្រៀងនេះ នាយកដ្ឋានអភិវឌ្ឍន៍មុខរបរ និងជំនាញ នៃក្រសួងការងារ នឹងផ្តល់វគ្គបណ្តុះបណ្តាល នៅក្នុងមុខរបរផ្សេងៗសម្រាប់អ្នកទោស មុនពេលពួកគេត្រូវបានដោះលែង និងចេញវិញ្ញាបនប័ត្រ ដើម្បីបញ្ចុះបញ្ចូលប្រតិបត្តិករ អាជីវកម្មឱ្យជួលពួកគេ។
លោកបន្ថែមថា ក្រសួងការងារក៏កំពុងស្វែងរក និយោជិកទាំងក្នុងនិងក្រៅប្រទេស ដើម្បីទទួលយកអ្នកទោស ដែលទទួលការបណ្តុះបណ្តាល ដែលសមនឹងតម្រូវការរបស់ពួកគេ។
សូមជម្រាបថា បើតាមលោក M.R. Chatu Mongol ក្រសួងទាំងពីរកំពុងសហការគ្នា ដើម្បីផ្តល់ការបណ្តុះបណ្តាល ជំនាញដល់អ្នកទោស។ នៅឆ្នាំ ២០១៩ មានអ្នកទោសចំនួន ៨.០៨៤ នាក់បានទទួលការ បណ្តុះបណ្តាលវិជ្ជាជីវៈហើយ ៧០-៨០% នៃពួកគេបានរកការងារ ធ្វើបន្ទាប់ពីត្រូវបានដោះលែង ។
ប្រែសម្រួលៈ ណៃ តុលា