អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ទាហានចំនួន៨នាក់ ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀតរងរបួស ខណៈដែលមានការបំផ្ទុះគ្រាប់បែក មកលើគោលដៅយោធាមួយកន្លែង នៅស្រុក Sayed Abad ខេត្ត Wardak ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ។
នៅក្នុងសេចក្តីប្រកាស បានដាក់ថា “ភេរវករមួយរូបបានជិះឡូរី ហើយចុចបំផ្ទុះនៅជិតក្បួនដង្ហែ របស់យោធាជាតិ នៅតំបន់ Jaghato នៃស្រុក Sayed Abad កាលពីរសៀលថ្ងៃនេះ ដោយបានសម្លាប់ខ្លួនឯង និងទាហានចំនួន ៨នាក់ ” ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ទាហានផ្សេងទៀតចំនួន៩នាក់ បានរងរបួស ដោយសារការបំផ្ទុះនេះ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន មិនទាន់មានការចោទប្រកាន់ ការវាយប្រហារនេះ ទៅលើក្រុមណាមួយនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា