ព័ត៌មានអន្តរជាតិ

អង់គ្លេសនៅតែបន្តប្រើ ឧបករណ៍របស់ ក្រុមហ៊ុនចិនផ្សេងទៀត ទោះបីអាមេរិក ធ្លាប់លើកឡើង អំពីហេតុផលសន្តិសុខ

បរទេស៖ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Sepura ដែលផលិត ផលិតផលវិទ្យុចល័តឌីជីថល ត្រូវបានទិញ ដោយក្រុមហ៊ុនចិនឈ្មោះ Hytera ដែលក្នុងនោះរដ្ឋាភិបាលទីក្រុងប៉េកាំង មានភាគហ៊ុន ២ ភាគរយ។ Hytera ត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិកចំពោះការព្រួយបារម្ភថា ឧបករណ៍របស់ក្រុមហ៊ុននេះអាចត្រូវបានប្រើសម្រាប់ការឃ្លាំមើល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេស បន្តប្រើប្រាស់គ្រឿងបរិក្ខារដែលផលិតដោយក្រុមហ៊ុន Sepura រួមទាំងវិទ្យុដែលប្រើ ដោយមន្រ្តីប៉ូលីស ជាពិសេសក្នុងអំឡុងពេលការពារសមាជិកនៃគ្រួសាររាជវង្ស។ ប្រព័ន្ធនិងកម្មវិធី ត្រូវបានប្រើប្រាស់ដោយរថយន្តសង្គ្រោះបន្ទាន់ និងសេវាកម្មពន្លត់អគ្គីភ័យ របស់អង់គ្លេស នៅក្នុងអាកាសយានដ្ឋាន ទោះបីជាម្ចាស់របស់ Hytera គឺ Sepura ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសេតវិមានដោយអះអាងថា ឧបករណ៍របស់ក្រុមហ៊ុននេះ អាចត្រូវបានប្រើដោយអាជ្ញាធរចិន សម្រាប់ចារកម្ម និងការឃ្លាំមើល ដែលជាការអះអាងដែល Hytera និងត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ មន្រ្តីនិងអ្នកជំនាញបានទទូចដល់រដ្ឋាភិបាលនៃនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អោយធ្វើការពិនិត្យឡើងវិញ ទៅលើក្រុមហ៊ុន Sepura និងឧបករណ៍របស់ក្រុមហ៊ុននេះ។

ចំណែកអតីតរដ្ឋមន្រ្តី ក្រសួងការបរទេសអង់គ្លេស លោក Sir Malcolm Rifkind បានបន្តទៀតដោយនិយាយថា វិមាន Downing Street ត្រូវតែពិនិត្យមើលក្រុមហ៊ុនចិន ទាំងអស់ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ របស់ប្រទេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top