ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរប៉ង់តាហ្គោន៖ បើប្រទេសចិន ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ជាមួយកោះតៃវ៉ាន់ នោះការលក់អាវុធទៅ ឱ្យកោះនេះនឹងបន្ត

បរទេស៖ កន្លងមកចិនបានគំរាម ដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនផលិតអាមេរិក Lockheed Martin ជុំវិញកិច្ចព្រមព្រៀង លក់អាវុធចុងក្រោយ របស់អាមេរិកជាមួយ កោះតៃវ៉ាន់។

សហរដ្ឋអាមេរិក បានយល់ព្រមផ្តល់កញ្ចប់ ការបញ្ជាក់ឡើងវិញចំនួន ៦២០លានដុល្លារដល់កោះតៃវ៉ាន់ផងដែរ សម្រាប់មីស៊ីលការពារ ដែនអាកាស Patriot Advanced Capability-3 ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់រដ្ឋមន្រ្តីការពារជាតិ អាមេរិកលោក Mark Esper ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបន្តការលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ទោះបីជាមានការប្រឆាំងពីសំណាក់ប្រទេសចិន និង “ភាពកាន់តែធ្ងន់ធ្ងរ” នៃស្ថានភាពជាមួយនឹងអ្វីដែល ទីក្រុងប៉េកាំងមើលឃើញថាជាខេត្តបំបែក។

យ៉ាងណាក៏ដោយ លោក Esper បានបន្ថែមថា លោកសង្ឃឹមថា នឹងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅចុងឆ្នាំនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្រសួងការបរទេសចិន បានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន Lockheed Martin បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធតម្លៃ ៦២០ លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលផ្លោងរបស់ខ្លួន។ ក្រុមហ៊ុន Lockheed Martin គឺជាអ្នកម៉ៅការដ៏សំខាន់ ក្នុងប្រតិបត្តិការនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top