កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានឲ្យដឹង កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្ស៣០នាក់បានស្លាប់ ក្នុងនោះរាប់បញ្ចូលទាំងស្ត្រី២នាក់ និង១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងឧប្បត្តិហេតុនៃអំពើហិង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់ពីយប់ថ្ងៃចន្ទ ។
បុគ្គលិកម្នាក់ ក្នុងចំណោមក្រុមការងារ នៅក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកមួយបានស្លាប់ និងអ្នកផ្សេងទៀតរងរបួស បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកច្នៃ ដែលបានគេគប់ចូលតាមទ្វារ របស់ក្រុមហ៊ុន នៅក្រុង Pul-e-Khumri ដែលស្ថិតនៅភាគខាងជើងខេត្ត Baghlan កាលពីព្រឹកថ្ងៃអង្គារ ។
បន្ទាប់ពីមានការផ្ទុះនេះកើតឡើង ក៏មានការបាញ់ប្រហារមួយ នៅភាគខាងត្បូងខេត្ត Kandahar នៅគ្រាដែល អ្នកបើកបររថយន្តតាក់ស៊ី បានដឹកម្ហូប និងសម្ភារៈផ្សេងៗទៅកាន់ស្រុកស្ថានីយប៉ូលិសនៅ Shah Wali Kot ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់ ។
ក្រុមមន្ត្រីបានរិះគន់ ទៅលើក្រុមតាលីបង់ ដែលបានបើកការវាយប្រហារទាំងនេះ ។ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានព្រមានដល់អ្នកម៉ៅការក្នុងស្រុក ឲ្យបញ្ឈប់ផ្គត់ផ្គង់សេវាកម្មដល់រដ្ឋាភិបាល និងក្រុមយោធា ដែលដឹកនាំដោយអង្គការ ណាតូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា