ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាឱ្យចិន បិទអគ្គកុងស៊ុលខ្លួន នៅទីក្រុង Houston រដ្ឋ Texas ក្នុងរយៈពេល ៧២ម៉ោង

បរទេស៖ និពន្ធនាយករបស់កាសែត Global Times បានអះអាងនៅមុននេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យទីក្រុងប៉េកាំង បិទកុងស៊ុល មួយក្នុងចំណោមការិយាល័យចំនួន ៥ របស់ខ្លួននៅក្នុងប្រទេសនេះ ជាពិសេសគឺទីតាំងមួយ ស្ថិតនៅក្នុងទីក្រុង Houston រដ្ឋ Texas ។ ក្រោយមកក្រសួងការបរទេសចិន បានបញ្ជាក់ពីរបាយការណ៍នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

យោងតាមនិពន្ធនាយកសារព័ត៌មាន Global Times ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters គឺថា សហរដ្ឋអាមេរិកបានស្នើសុំឱ្យប្រទេសចិន បិទការិយាល័យលិខិតឆ្លងដែននិងទិដ្ឋាការរបស់ខ្លួន នៅអគ្គកុងស៊ុលចិននៅ ទីក្រុង Houston រដ្ឋ Texas។

ក្រសួងការបរទេសចិនបានបញ្ជាក់ពីការអភិវឌ្ឍន៍នេះ ដោយនិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងភ្លាមៗដល់ទីក្រុងប៉េកាំង ឱ្យបិទស្ថានកុងស៊ុលរដ្ឋ Texas របស់ខ្លួននៅថ្ងៃទី ២១ ខែកក្កដា។

យោងតាមការសង្ខេបប្រចាំថ្ងៃរបស់អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Wang Wenbin ទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការសម្រេចចិត្តនេះ ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលសកម្មភាពនេះវិញ ខណៈស្នើឱ្យមានវិធានការសងសឹកជាការឆ្លើយតប។

សូមជម្រាបថា បច្ចុប្បន្ននេះទីក្រុងប៉េកាំងប្រតិបត្តិការអគ្គកុងស៊ុលចំនួន ៥ នៅសហរដ្ឋអាមេរិក រួមមានការិយាល័យនៅញូវយ៉ក ឈីកាហ្គោ សាន់ហ្វ្រាន់ស៊ីស្កូ និងឡូសអេនជឺលេស ក៏ដូចជាស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី៕ប្រែសម្រួលៈ ណៃ តុលា

To Top