ព័ត៌មានអន្តរជាតិ

កងកម្លាំងបោសសម្អាត ភេវករនៅអេហ្ស៊ីប សម្លាប់ក្រុមភេរវករអស់ ១៨នាក់

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា យោធាអេហ្ស៊ីប បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា កងកម្លំាងបានសម្លាប់ ក្រុមភេរវករចំនួន ១៨នាក់ ខណៈដែលកងកម្លាំងរបស់ខ្លួន បានធ្វើការបោសសម្អាត ទ្រង់ទ្រាយធំទៅលើក្រុមភេវករ នៅខាងក្រៅមូលដ្ឋានយោធា នៅខេត្តស៊ីណៃខាងជើង ។

នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយបានដាក់ថា សមាជិករបស់យោធា នៃកងកម្លាំងបានគ្រប់គ្រង ស្ថានការណ៍ក្នុងការបោសសម្អាត ភេរវករដែលបានវាយប្រហារ មកលើប៉ុស្តិ៍សន្តិសុខ នៅតំបន់ Beir al-Abd ខេត្តស៊ីណៃខាងជើង ដោយបានបន្ថែមថា នៅក្នុងពេលបោសសម្អាតនោះដែរ បណ្តាលឲ្យយោធាចំនួន ២នាក់បាត់បង់ជីវិត និង៤នាក់ផ្សេងទៀត បានរងរបួស ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា ក្រុមទាហាន នៅខាងក្រៅប៉ុស្តិ៍ នៅក្នុងប្រតិបត្តិការ ជាមួយកម្លាំងអាកាស បានកម្ចេចក្រុមភេរវករ នៅជិតកសិដ្ឋានមួយកន្លែង និងផ្ទះដែលគេបោះបង់ចោល ដោយបានសម្លាប់ពួកគេនោះអស់ ១៨នាក់ ក្នុងនោះ មានអ្នកបំផ្ទុះគ្រាប់បែកម្នាក់ផងដែរ ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា រថយន្ត ៣គ្រឿងក្នុងចំណោម ៤គ្រឿង ដែលប្រើប្រាស់ដោយក្រុមភេរវករ ត្រូវបានកម្ចេចចោល ក្នុងអំឡុងពេលបាញ់គ្នា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top