ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីចំនួន ១២ ដែលឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់ ៣៩៦នាក់ និងមិនទាន់មានអ្នកស្លាប់ នៅឡើយទេតាំងពីពេលមុន ។
ករណីចុងក្រោយ គឺជាពលរដ្ឋវៀតណាម ដែលថ្មីៗនេះបានធ្វើដំណើរ ត្រឡប់ពីប្រទេសរុស្ស៊ី ។ ក្រសួងបានឲ្យដឹងថា ពួកគេបានដាក់ឲ្យនៅ ដាច់ដោយឡែកពីគេ ចាប់តាំងពីមកដល់ម្ល៉េះ ។
ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ អ្នកជំងឺ៥នាក់ទៀត មានស្ថានភាពធូរស្បើយវិញ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យអ្នកជាសះស្បើយសរុប នៅក្នុងប្រទេសវៀតណាម កើនដល់ ៣៦៥នាក់ ។
ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាម បានកត់ត្រាមិនមាន អ្នកឆ្លងជំងឺក្នុងស្រុកនោះទេ សម្រាប់រយៈពេល ៩៦ថ្ងៃ ជាបន្តបន្ទាប់មកនេះ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋជិត ១១.១០០នាក់ ស្ថិតនៅក្នុងការតាមដាន និងដាក់ឲ្យនៅដាច់ដោយឡែក ពីគេនៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា