បរទេស៖ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បាននិយាយថា ប្រទេសវៀតណាមនិងចិន គួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា ជំនួសឱ្យភាពស្មុគស្មាញ និងការពង្រីកជម្លោះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី ១២ នៃគណកម្មាធិការអចិន្រ្តៃយ៍ទ្វេភាគីចិន – វៀតណាម ដែលដឹកនាំដោយលោក Pham Binh Minh និងសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក វ៉ាង យី កាលពីថ្ងៃអង្គារ បញ្ហាដែនដីនៅលើដីគោក និងនៅសមុទ្រ ត្រូវបាននាំយកមកតុពិភាក្សា។
ភាគីទាំងពីរបានពិភាក្សា អំពីស្ថានភាពនៅសមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ ជាអន្តរជាតិថា ជាសមុទ្រចិនខាងត្បូងជាពិសេស ជំហរខុសគ្នារបស់ពួកគេ លើបញ្ហានេះ ។
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានសម្តែងការព្រួយបារម្ភ ចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញ នៅសមុទ្រនាពេលថ្មីៗនេះ ដោយស្នើឱ្យប្រទេសទាំងពីរ ខិតខំគ្រប់គ្រងការខ្វែងគំនិតគ្នា ដោយមិនចាត់វិធានការណាមួយ ដើម្បីធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព ឬពង្រីកជម្លោះគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់វៀតណាម និងរក្សាសន្តិភាពនិង ស្ថិរភាពនៅសមុទ្រខាងកើត ៕
ប្រែសម្រួលៈ ណៃ តុលា