ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល ត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណាជាលើកទី៣

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ការិយាល័យប្រធានាធិបតី បានឲ្យដឹងកាលពីថ្ងៃពុធថា លោក Jair Bolsonaro ប្រធានាធិបតី របស់ប្រទេសប្រេស៊ីល បានធ្វើតេស្តលទ្ធផលជាវិជ្ជមានម្តងទៀត ហើយដែលមានវត្តមានវីរុសកូរ៉ូណា ដោយតម្រូវឲ្យលោករស់នៅ ដាច់ដោយឡែកពីគេ ។

បន្ទាប់ពីបានធ្វើតេស្តរកឃើញថា មានលទ្ធផលជាវិជ្ជមានជាលើកទី៣ កាលពីថ្ងៃអង្គារ ការិយាល័យនៅប្រេស៊ីលឡា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងណាក៏ដោយប្រមុខរដ្ឋ “ស្ថិតនៅក្នុងស្ថានភាពល្អ” ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “លោកប្រធានាធិបតី Jair Bolsonaro នៅតែមានស្ថានភាពល្អ ដែលមានការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យរបស់ប្រធានាធិបតី ។ ការធ្វើតេស្តបានធ្វើឡើង កាលពីថ្ងៃម្សិលមិញ ដោយលទ្ធផលបង្ហាញថា វិជ្ជមាន ” ។

កាលពីថ្ងៃទី៧ ខែកក្កដា លោក Bolsonaro បានប្រកាសថា រូបគាត់មានលទ្ធផល ជាវិជ្ជមាននៃវីរុសកូរ៉ូណា បន្ទាប់ពីមានអាការៈគ្រុនក្តៅ និងមានអារម្មណ៍មិនស្រួលខ្លួន ហើយគាត់បានធ្វើការ នៅភូមិគ្រឹះរបស់គាត់ដដែល តែមិនបានចូលរួម ក្នុងព្រឹត្តិការណ៍សាធារណៈឡើយ ។
គាត់បានធ្វើតេស្តវិជ្ជមាន ជាថ្មីម្តងទៀត កាលពីសប្តាហ៍មុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top