ព័ត៌មានអន្តរជាតិ

ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន អំពាវនាវ ឲ្យសហរដ្ឋអាមេរិកលុបបំបាត់ ភាពតានតឹងរវាងប្រទេសទាំងពីរ

បរទេស៖ ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍អំពាវនាវ ឲ្យសហរដ្ឋអាមេរិកលុបបំបាត់ ភាពតានតឹងរវាងប្រទេសទាំងពីរ។

យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ថានទូតចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃពុធថា “ប្រសិនបើទំនាក់ទំនង រវាងចិននិងអាមេរិក គឺជាយានមួយនោះ នោះសហរដ្ឋអាមេរិកកំពុងដើរ លើផ្លូវខុសហើយកាន់តែអាក្រក់ទៅៗ វាកំពុងឈានដល់ល្បឿនដែលលឿន” ។ “ដល់ពេលត្រូវជាន់ហ្វ្រាំង ហើយត្រឡប់ទៅទិសដៅត្រឹមត្រូវវិញ” ។

កាលពីថ្ងៃអង្គារក្រសួងការបរទេស សហរដ្ឋអាមេរិក បានបញ្ជាឱ្យរដ្ឋាភិបាល ទីក្រុងប៉េកាំង បិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស់ ក្នុងរយៈពេល ៧២ ម៉ោង លើការចោទប្រកាន់ដែលថា ចិនបានជាប់ពាក់ព័ន្ធអស់ រយៈពេលជាច្រើនឆ្នាំ ក្នុងប្រតិបត្តិការចារកម្មខុសច្បាប់ និងមានឥទ្ធិពលលើប្រតិបត្តិការ នៅសហរដ្ឋអាមេរិក។

ប្រទេសចិនបានបដិសេធ ការចោទប្រកាន់នេះ ហើយបានរិះគន់សហរដ្ឋអាមេរិកវិញ ចំពោះការរំលោភច្បាប់ អន្តរជាតិផ្សេងៗ។ ប្រទេសចិនក៏បាននិយាយដែរថា សហរដ្ឋអាមេរិក បាននិងកំពុងញុះញង់ ឱ្យមានការស្អប់ខ្ពើមចំពោះ ជនជាតិចិនដែលបណ្តាលឱ្យ មានការគំរាមកំហែងជាច្រើន ដែលធ្វើឡើងចំពោះស្ថានទូត នៅទីក្រុងវ៉ាស៊ីនតោន។

ស្ថានទូតចិនបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មុនមួយថា ខ្លួនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបិទស្ថានកុងស៊ុល របស់ចិននៅហ៊ូស្តុន និងបានព្រមានថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងឆ្លើយតបចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការបង្កហេតុនយោបាយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top