បរទេស៖កងកម្លំាងអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានសម្លាប់មនុស្សចំនួន៤៥នាក់ រួមមានទាំងជនស៊ីវិលផង ក្នុងហេតុការណ៍វាយប្រហារតាមអាកាសទៅលើកងកម្លាំងប្រយុទ្ធរបស់ពួកតាលីបង់ នៅខេត្តភាគខាងលិចមួយជាប់ព្រំដែនអ៊ីរ៉ង់ កាលពីថ្ងៃពុធម្សិលមិញនេះ បង្កឲ្យមានការថ្កោលទោសពីប្រេសិតអាមេរិក ដែលព្យាយាមចាប់ផ្តើមកិច្ចពិភាក្សាសន្តិភាពចូលរួមគ្រប់ផ្នែកទាំងអស់។
លោក Zalmay Khalilzad ជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “មនុស្សចំនួន៤៥នាក់ រហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសធ្វើឡើងដោយកងកម្លាំងសន្តិសុខ ក្នុងតំបន់ ហើយពួកតាលីបង់ស្ថិតក្នុងចំណោមមនុស្សស្លាប់ទាំងនោះ”។
ចំណែករដ្ឋមន្ត្រីការពារជាតិស្តីទីអាហ្វហ្គានីស្ថាន លោក Asadullah Khalid បានមានប្រសាសន៍ប្រាប់ថា កងកម្លាំងប្រយុទ្ធពួកតាលីបង់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាស ហើយក្រសួងរបស់លោក បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា ខ្លួនកំពុងតែស៊ើបអង្កេតរបាយការណ៍អំពីជនរងគ្រោះស៊ីវិល ព្រមទាំងនឹងប្រកាសលទ្ធផលរកឃើញជាសាធារណៈ៕ ប្រែសម្រួល៖ប៉ាង កុង