បរទេស៖មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា អ្នកស្រាវជ្រាវជនជាតិចិន ដែលត្រូវតាមចាប់ខ្លួនពីបទបំពានទិដ្ឋាការ ធ្លាប់បានទៅជ្រកកោននៅស្ថានកុងស៊ុលចិន ក្នុងទីក្រុងសានហ្វ្រានស៊ីស្កូ បន្ថែមភាពតានតឹង ចំពោះចំណងមិត្តភាពកំពុងតែដុនដាប រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។
លោកស្រី Juan Tang ជាអ្នកស្រាវជ្រាវជីវវិទ្យា ដែលអ្នកស្រាវជ្រាវកំពុងតែធ្វើការងារនៅសាកលវិទ្យាល័យ University of California, Davis ត្រូវបានជាប់ចោទពីបទនិយាយកុហកទីភ្នាក់ងារ FBI ជុំវិញការចូលរួមរបស់លោកស្រីជាមួយយោធាចិន។ ទីភ្នាក់ងារ FBI បានសម្ភាសន៍លោកស្រី Juan Tang កាលពីថ្ងៃទី២០ ខែមិថុនា និងបានឆ្មក់ចូលគេហដ្ឋានរបស់លោកស្រីទៀតផង។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងពាក្យបណ្ដឹងដាក់ទៅតុលាការនាសប្ដាហ៍នេះ ទីភ្នាក់ងារ FBI បាននិយាយប្រាប់ថា ខ្លួនជឿថា លោកស្រី Juan Tang បានធ្វើដំណើរទៅស្ថានកុងស៊ុល នៅទីក្រុងសានហ្វ្រានស៊ីស្កូភ្លាមៗ ហើយនិងបាននៅទីនោះដើម្បីគេចពីការចាប់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង