ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន បញ្ជាឱ្យអាមេរិកបិទ ស្ថានកុងស៊ុលខ្លួន នៅទីក្រុង Chengdu

បរទេស៖ វិធានការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបិទស្ថាន កុងស៊ុលចិន នៅទីក្រុង ហ៊ូស្តុនជុំវិញការចោទ ប្រកាន់ពីបទលួចកម្មសិទ្ធិបញ្ញា ។ ក្រសួងការបរទេសចិន បាននិយាយនៅ ក្នុងសេចក្តី ថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ប្រទេសចិនបានបញ្ជា ឱ្យសហរដ្ឋអាមេរិក បិទស្ថានកុងស៊ុល របស់ខ្លួននៅភាគ និរតីក្នុងទីក្រុង Chengdu។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ នោះបាននិយាយថា “ ក្រសួងការបរទេសចិន បានជូនដំណឹងដល់ស្ថានទូត អាមេរិកប្រចាំនៅប្រទេសចិន អំពីការសម្រេចចិត្ត ដកហូតការព្រមព្រៀង របស់ខ្លួនសម្រាប់ការបង្កើត និងប្រតិបត្តិការអគ្គកុងស៊ុល អាមេរិកប្រចាំនៅទីក្រុង Chengdu” ។

ក្រសួងបាននិយាយថា ខ្លួនបានប្រាប់បេសកកម្ម របស់ សហរដ្ឋអាមេរិក ឱ្យបញ្ឈប់រាល់ប្រតិបត្តិការ និងព្រឹត្តិការណ៍ទាំងអស់ ប៉ុន្តែពេលវេលាសម្រាប់ការបិទទ្វារ គឺមិនទាន់ច្បាស់នៅឡើយទេ។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។

សូមជម្រាបថា សហរដ្ឋអាមេរិកធ្វើ បេសកម្មការទូតចំនួន ៤ នៅប្រទេសចិន ក្នុងនោះរួមមាន ស្ថានទូតនៅទីក្រុងប៉េកាំង និងអគ្គកុងស៊ុលនៅ Chengdu , នៅ ស៊ាងហៃ និងនៅទីក្រុង Shenyang។ ស្ថានកុងស៊ុលនៅ Chengdu បានបើកនៅឆ្នាំ ១៩៨៥ ។

ការប្រឆាំងតបតបវិញនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេច ចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបិទស្ថាន កុងស៊ុលចិននៅហ៊ូស្តុនរដ្ឋតិចសាស់ ដែលត្រូវបានពិពណ៌នាថាជា“ ការបង្កហេតុនយោបាយ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top