ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី អំពាវនាវឲ្យមាន ការពង្រឹង នូវតួនាទីជាអ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការ បរទេសរុស្សី Sergei Lavrov បានធ្វើការអំពាវនាវ ស្នើឲ្យមានការពង្រឹងភាព ជាអ្នកសម្របសម្រួល នៃតួនាទីរបស់អង្គការ សហប្រជាជាតិបន្ថែមទៀត។

ក្នុងជំនួបនៅទីក្រុងមូស្គូ ជាមួយលោកVolkan Bozkir ដែលជាប្រធានជាប់ឆ្នោត នៃសម័យប្រជុំលើកទី ៧៥ មហាសន្និបាតអង្គការសហប្រជាជាតិ លោក Lavrov ក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើភាពចាំបាច់សម្រាប់ប្រទេសនានា ដើម្បីគោរពយ៉ាងតឹងរឹងលើធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ និងក៏ដូចជាការពារដល់ ប្រយោជន៍រួម នៃប្រទេសទាំងអស់។

ជាការឆ្លើយតបលោក Bozkir បាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងមូស្គូមុន ពេលចាប់ផ្តើមសម័យ ប្រជុំលើកទី ៧៥ នៃមហាសន្និបាត អង្គការ សហប្រជាជាតិក្នុងខែកញ្ញា គឺដើម្បីពិភាក្សាជាមួយមន្រ្តីរុស្ស៊ី អំពីទស្សនវិស័យនិងការរំពឹងទុក នៃការងាររបស់គាត់និង ដើម្បីចែករំលែកផែនការ មួយចំនួនរបស់គាត់ ជាពិសេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top