ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងមិនចូលរួម ជាមួយសម្ព័ន្ធមិត្តអាមេរិក ប្រឆាំងនឹងចិនឡើយ ខណៈដែលរុស្ស៊ី-ចិន បានបង្កើតទំនាក់ទំនង នៃភាពជាដៃគូពិសេស

មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងមិនចូលរួមក្នុងសម្ព័ន្ធមិត្តណាមួយ ដែលមានគោលបំណង ប្រឆាំងនឹងនរណាម្នាក់ ជាពិសេស ប្រឆាំងនឹងប្រទេសចិននោះទេ ខណៈរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង ចែករំលែកទំនាក់ទំនងគ្នាជាពិសេស។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយហៅប្រទេសចិនថា ជា“ ដៃគូរបស់យើង” អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងរុស្ស៊ី លោក Dmitry Peskov បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយថា ប្រទេសទាំងពីរបានបង្កើត“ ទំនាក់ទំនង នៃភាពជាដៃគូពិសេសមួយ” ។

សូមជម្រាបផងដែរថា ថ្លែងនៅបណ្ណាល័យប្រធានាធិបតី Richard Nixon ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានអំពាវនាវឱ្យបង្កើត“ សម្ព័ន្ធភាពថ្មី” ដើម្បីប្រឆាំងនឹងប្រទេសចិន។

ក្រោយមក លោក Peskov បាននិយាយថា សម្ព័ន្ធមិត្តទាំងអស់ របស់ប្រទេសរុស្ស៊ីចូលរួម គឺមានគោលបំណង ដើម្បីអភិវឌ្ឍទំនាក់ទំនង នៃភាពជាអ្នកជិតខាងល្អ និងផលប្រយោជន៍ទៅវិញទៅមក៕
ប្រែសម្រួលៈ ណៃ តុលា

To Top