ព័ត៌មានអន្តរជាតិ

អាមេរិក-រុស្ស៊ី នឹងបើកកិច្ចប្រជុំមួយ ស្ដីពីការគ្រប់គ្រងអាវុធ និងសន្ដិសុខអវកាស នៅទីក្រុងវីយែន

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សា ជាមួយប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយនៅទីក្រុងវីយែន ស្តីពីការគ្រប់គ្រង អាវុធនុយក្លេអ៊ែរ និងសន្តិសុខអវកាស។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូបុគ្គលិក នៃសហរដ្ឋអាមេរិក មកពីក្រសួងការពារជាតិ ថាមពល និងក្រុមប្រឹក្សាសន្តិសុខជាតិ នឹងរៀបចំការផ្លាស់ប្តូរសន្តិសុខ អវកាសសហរដ្ឋអាមេរិក – រុស្ស៊ី នៅរដ្ឋធានីអូទ្រីស នៅថ្ងៃទី ២៧ ខែកក្កដា។

កិច្ចប្រជុំនាពេលខាងមុខនេះ នឹងក្លាយជាកិច្ចពិភាក្សា ទ្វេភាគីផ្លូវការលើកដំបូង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីសន្តិសុខអវកាស ចាប់តាំងពីឆ្នាំ ២០១៣ ។

ទីបញ្ជាការអវកាសអាមេរិក បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានធ្វើការសាកល្បងអាវុធ ប្រឆាំងផ្កាយរណប ដែលមានមូលដ្ឋានអវកាស នៅថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែទីក្រុងម៉ូស្គូ បានបដិសេធការចោទប្រកាន់នេះ៕ ដោយ៖ ឈូក បូរ៉ា

To Top