បរទេស៖ កាលពីថ្ងៃអង្គារអាជ្ញាធរអាមេរិក បានទុកពេលដល់ប្រទេសចិនចំនួន ៧២ម៉ោង ដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុងហ៊ូស្តុន រដ្ឋ តិចសាស់ ដោយចោទប្រកាន់បុគ្គលិករបស់ចិនថា បានចូលរួមជាលក្ខណៈចារកម្មជាប្រព័ន្ធ ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានឆ្លើយតបដោយបញ្ជាឱ្យ អ្នកការទូតអាមេរិកចាកចេញពី បេសកកម្មការទូត របស់អាមេរិកនៅទីក្រុង ឆឹងទូ វិញ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអះអាងថា ប្រទេសចិនមិនមានសិទ្ធិ ក្នុងការឆ្លើយតបតាមលក្ខណៈ នៃការទាមទារនេះទេ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រកាសថា ចិនប្រឆាំងជំទាស់យ៉ាងខ្លាំងនូវ“ ការបង្ខំចូល” របស់មន្ត្រីអាមេរិកទៅក្នុងស្ថានបេសកកម្ម ការទូតចិននៅទីក្រុង ហ៊ូស្តុននៅថ្ងៃសុក្រនេះ។
លោក Wang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានសម្តែងការ ប្រឆាំងយ៉ាងខ្លាំង និងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការចូលដោយបង្ខំ របស់ភាគីអាមេរិកនៅក្នុងទឹកដី នៃអគ្គកុងស៊ុលចិននៅហ៊ូស្តុន ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា បរិវេណនៃស្ថានកុងស៊ុលគឺជា ទ្រព្យសម្បត្តិជាតិរបស់ប្រទេសចិន ហើយបានព្រមានថា ទីក្រុងប៉េកាំង “នឹងធ្វើការឆ្លើយតបឱ្យបានត្រឹមត្រូវ និងចាំបាច់នៅក្នុងបញ្ហានេះ” ។
មុននេះសាស្ត្រាចារ្យច្បាប់ម្នាក់ បានប្រាប់កាសែត Global Times ដែលជាកាសែតដ៏មាន ឥទ្ធិពលរបស់ប្រទេសចិនថា សកម្មភាពរបស់មន្ត្រីអាមេរិក គឺខុសច្បាប់ហើយបង្កើត បានជាការរំលោភលើអនុសញ្ញា ទីក្រុងវីយែនស្តីពី ទំនាក់ទំនងកុងស៊ុល ៕
ប្រែសម្រួលៈ ណៃ តុលា