បរទេស៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ដោយនិស្សិត និងយុវជនដទៃទៀត ត្រូវបានធ្វើឡើងនៅតាម បណ្តាខេត្តមួយចំនួន នៅខាងក្រៅទីក្រុងបាងកក កាលពីថ្ងៃសៅរ៍។ ក្រុមអ្នកតវ៉ាបានអំពាវនាវ ឲ្យមានការរំលាយសភា បញ្ចប់ការបំភិតបំភ័យប្រជាជន និងការឱ្យសរសេររដ្ឋធម្មនុញ្ញឡើងវិញ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅខេត្ត Kanchanaburi នៅម៉ោងប្រហែល ៥ និង ៤០ នាទីល្ងាច ក្រុមយុវជនប្រមាណ ៥០ នាក់ដែលមានទាំងអនុវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ នៅខេត្តជាប់ព្រំដែនខាងលិចនេះ បានជួបជុំគ្នានៅទីវាលចំហ លើផ្លូវឡាក់មួងក្នុងស្រុក មឿង។
ក្រុមអ្នកតវ៉ាបានលើកបដា ដែលមានសារវាយប្រហារ រដ្ឋាភិបាលនិងរបបផ្តាច់ការយោធា។ ពួកគេបានអំពាវនាវឱ្យ រំលាយសភាតំណាងរាស្រ្ត ដើម្បីធ្វើឱ្យការបោះឆ្នោតថ្មី សម្រាប់រដ្ឋាភិបាល បញ្ឈប់រាល់ការបំភិតបំភ័យ ប្រជាជននិងដើម្បីឱ្យ រដ្ឋធម្មនុញ្ញសរសេរឡើងវិញ។
យ៉ាងណាក៏ដោយ ការធ្វើបាតុកម្មដោយសន្តិវិធីនេះ ក៏មានកម្លាំងប៉ូលីស និងយោធាប្រមាណ ៥០នាក់ ត្រូវបានដាក់ពង្រាយដើម្បីធានានូវច្បាប់ និងសណ្តាប់ធ្នាប់ផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា