ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន បន្ទាប់ពីមានករណី សង្ស័យផ្ទុះជំងឺកូវីដ១៩នៅក្រុង Kaesong

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងជើងបានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាមានអាសន្ន បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩ នៅក្រុង Kaesong ។

លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK)ឬហៅថា កូរ៉េខាងជើង បានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាមានអាសន្ន នៅក្រុង Kaesong បន្ទាប់ពីនៅក្រុងព្រំដែនមួយនេះត្រូវបានគេរាយការណ៍មកថា សង្ស័យថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១ករណី ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA)បានផ្សាយកាលពីថ្ងៃអាទិត្យ ។ 

លោក គីម បានថ្លែងថា លោក បានចាត់វិធានការណ៍បឋមកាលពីថ្ងៃសៅរ៍ ឲ្យបិទក្រុង Kaesong ជាបន្ទាន់នៅថ្ងៃអាទិត្យ  និងតាមបណ្តាស្រុក និងតំបន់ត្រូវឲ្យធ្វើចត្តាឡីស័កភ្លាមៗ បន្ទាប់ពីមានករណីដែលត្រូវបានគេរាយការណ៍ ។

អ្នកសង្ស័យ ជាអ្នកដែលរត់ចោលជួរ ហើយវិលត្រឡប់ទៅកាន់ DPRK នៅក្រុង Kaesong មកពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ ខែកក្កដា ក្រោយពីបានឆ្លងកាត់តំបន់ហាមឃាត់ដោយខុសច្បាប់ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដែលជាជំហានដំបូង ។ ទីភ្នាក់ងារព័ត៌មានខាងលើបានចុះផ្សាយដូច្នេះ ។ 

រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ ណាមួយដែលបានបញ្ជាក់ថា មានករណីកូវីដ១៩នៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top