យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរព្រលានយន្តហោះអ៊ីស្រាអ៊ែល (IAA)បានឲ្យដឹងថា ជាលើកដំបូងដែលមិនធ្លាប់មានពីមុននោះទេ ដែលបាល់ឡុងហោះខ្យល់ក្តៅ បានត្រូវគេបង្ហោះឡើងចេញពីព្រលានយន្តហោះអន្តរជាតិ Ben Gurion របស់ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ ។
បាល់ឡុងចំនួន៤ ត្រូវបានបង្ហោះឡើងដោយក្រុមហ៊ុន Rize Up និង Skytrek របស់ប្រទេសអ៊ីស្រាអ៊ែល ដោយទទួលបានការអនុញ្ញតពី IAA ដើម្បីកាត់បន្ថយការហោះហើរឲ្យនៅកម្រិតទាបស្របពេលមានជំងឺកូវីដ១៩កំពុងឆ្លងរាលដាល ។
ពលរដ្ឋជាច្រើនបាននាំគ្នាមកកាន់ព្រលានយន្តហោះ ដើម្បីទស្សនាព្រឹត្តិការណ៍ និងបានថតរូបទុកផងដែរ នៅពេលដែលបាល់ឡុងទាំងអស់ត្រូវបានបង្ហោះឡើងនៅលើផ្លូវរត់របស់យន្តហោះ នៅជិតច្រកសំខាន់របស់ព្រលាន គឺច្រកទី៣ ដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រ ។
កាលពីពាក់កណ្តាលខែមិថុនា លោក ណេតាន់ យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានប៉ាន់ប្រមាណថា ការបើកឡើងវិញនូវជើងហោះហើរ នឹងអាចធ្វើទៅបាននៅថ្ងៃទី០១ ខែសីហា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា