ព័ត៌មានអន្តរជាតិ

ស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុងឆឹងទូត្រូវបានបិទ ស្របពេលមានចំណងមិត្តភាព ធ្លាក់ចុះជាមួយចិន

បរទេស៖ ស្ថានកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងឆឹងទូ ស្ថិតនៅក្នុងប្រទេសចិនភាគនិរតី តាមសេចក្តីរាយការណ៍ បានបិទជាផ្លូវការនៅព្រឹកថ្ងៃចន្ទនេះ ស្របពេលមានចំណងមិត្តភាព ធ្លាក់ចុះកាន់តែអាក្រក់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសរបស់ប្រទេសចិន បានធ្វើការបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដែលបានបើកដំណើរការ ក្នុងខែតុលាឆ្នាំ១៩៨៥នោះ បានបិទវិញហើយ នៅម៉ោង១០ព្រឹក ដោយអនុលោម តាមតម្រូវការរបស់ចិន។

សេចក្តីថ្លែងការណ៍មួយ បានសរសេរថា អាជ្ញាធរចិន បានចូលក្នុងទៅស្ថានកុងស៊ុលនោះ តាមច្រកទ្វារធំ និងធ្វើការកាន់កាប់អគារ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានទុកពេល៧២ម៉ោង ឲ្យទីក្រុងវ៉ាស៊ីនតោន បិទស្ថានកុងស៊ុលរបស់ខ្លួន ក្នុងទីក្រុងឆឹងទូ ជាចំនួនពេលដូចគ្នា ដែលទីក្រុងវ៉ាស៊ីនតោន ផ្តល់ឲ្យប្រទេសចិន ក្នុងការបិទស្ថានកុងស៊ុល នៅក្នុងទីក្រុងហ៊ូស្តុន៕ ប្រែសម្រួល៖ប៉ាង កុង

To Top