ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ច្រានចោលសំណើលោក ត្រាំ ដែលឲ្យរុស្ស៊ី ត្រឡប់ចូលក្រុម G7 វិញ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយក្នុងបទសម្ភាសន៍ ចេញផ្សាយនៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ បានបដិសេធច្រានចោលសំណើមួយ ចេញដោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលឲ្យអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ឲ្យវិលចូលក្នុងក្រុមប្រទេស G7 ដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត។

លោក ត្រាំ តាមសេចក្តីរាយការណ៍ បានលើកឡើងនូវការរំពឹងទុក មួយកាលពីខែមុន ស្តីពីការពង្រីកក្រុម G7 ដោយឲ្យរួមបញ្ចូលជាថ្មីនូវប្រទេសរុស្ស៊ី ដែកធ្លាប់ត្រូវដកចេញ កាលពីឆ្នាំ២០១៤ បន្ទាប់ពីទីក្រុងមូស្គូ បានយកតំបន់គ្រីមា របស់ប្រទេសអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។

ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយប្រាប់កាសែត Rheinische Post ថា លោកមើលមិនឃើញ មានឱកាសណាមួយ ដែលត្រូវអនុញ្ញត ឲ្យរុស្ស៊ីវិលចូលក្រុម G7 វិញនោះទេ ដរាបណាមិនមានភាពរីកចម្រើន ទៅមុខប្រកបដោយអត្ថន័យ ក្នុងការដោះស្រាយជម្លោះនៅតំបន់គ្រីមា ក៏ដូចជានៅប្រទេសអ៊ុយក្រែន ភាគខាងកើត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top