សេអ៊ូល ៖ រដ្ឋាភិបាល ត្រូវបានកំណត់ឱ្យបើកកិច្ចប្រជុំ យុទ្ធសាស្ត្រការទូត ជាលក្ខណៈឯកជនមួយ នៅថ្ងៃអង្គារនេះដោយឆ្ពោះ ទៅរកវិធីល្អប្រសើរបំផុត ដើម្បីដោះស្រាយ ជាមួយនឹងការប្រជែងគ្នា ដែលកំពុងកើនឡើង រវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន។
រដ្ឋមន្រ្តីការបរទេសលោកស្រី Kang Kyung-wha នឹងធ្វើជាអធិបតី ក្នុងសម័យប្រជុំ នៃកិច្ចសម្របសម្រួលយុទ្ធសាស្ត្រ ស្តីពីកិច្ចការបរទេស ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ដើម្បីបង្ហាញពីជំហររបស់ទីក្រុងសេអ៊ូល នៅចំពោះមុខជម្លោះ រវាងមហាអំណាចទាំងពីរ ដែលបានផ្សារភ្ជាប់យ៉ាងជ្រៅទៅនឹងសន្តិសុខនិងសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូង។
កិច្ចប្រជុំនេះធ្វើឡើង ចំពេលដែលភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានកើនឡើងបន្ទាប់ពីប្រទេសទាំងពីរ បានបិទស្ថានកុងស៊ុល នៅក្នុងប្រទេសម្ខាងទៀត ដោយបានដាក់ទីក្រុងសេអ៊ូល ស្ថិតក្នុងស្ថានភាពលំបាក ខណៈដែលខ្លួនព្យាយាមស្វែងរកតុល្យភាពរវាងភាគីទាំងពីរ ដើម្បីរក្សាទំនាក់ទំនងល្អ ជាមួយអ្នកទាំងពីរ៕
ដោយ ឈូក បូរ៉ា